លី ហួរ វេរលុយ និងធនាគារ ស្ថាបនា សហការលើសេវាផ្ទេរប្រាក់

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩- លី ហួរ ផេប៉្រូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុន ផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយ សុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង ថ្ងៃនេះបានចាប់ផ្តើមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជម្រើសងាយស្រួល ដល់អតិថិជនក្នុងការផ្ទេរប្រាក់ទៅមក រវាងគណនីធនាគារ ស្ថាបនា និង លី ហួរ វេរលុយ LYFE Wallet តាមរយៈការប្រើប្រាស់ Sathapana Mobile និង Ly Hour Veluy App(LYFE Wallet)។

ភាពជាដៃគូនេះក៏ផ្តល់ឲ្យអតិថិជនរបស់ធនាគារស្ថាបនា ទាំងអស់អាចបង់ប្រាក់កម្ចីជាសាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលមានចំនួន ជាង៤.៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។ លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនាបានមានប្រសាសន៍ថា៖ “ភាពជាដៃគូហិរញ្ញវត្ថុជាមួយក្រុមហ៊ុន លី ហួរ វេរលុយ គឺជាការផ្តោតយកចិត្តទុកដាក់របស់យើងដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពឌីជីថលក្នុងការពង្រីកសកម្មភាព ជាពិសេសតាមរយៈ Sathapana Mobile”។

លោកបន្តទៀតថា “ចាប់តាំងពីការចាប់ផ្ដើមរបស់ធនាគារ ស្ថាបនាយើងឃើញថាប្រជាជនកម្ពុជារាប់ពាន់នាក់បានផ្លាស់ប្តូរជីវិតរស់នៅកាន់តែល្អ តាមរយៈសេវាកម្មធនាគារពេញលេញរបស់ស្ថាបនាជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ។ ដៃគូថ្មីរបស់យើងគឺ លី ហួរ ផេប្រ៉ូ ភីអិលស៊ី នឹងជួយធ្វើឲ្យកាន់តែងាយស្រួលតាមរយៈ Ly Hour Veluy (LYFE Wallet) និងភ្នាក់ងារជាង ៤.៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា”។

ថ្លែងក្នុងពិធីចុះហត្ថលេសខា ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានមានប្រសាសន៍ឲ្យដឹងថា «មានជំនឿថាការចាប់ដៃគូគ្នារវាង ក្រុមហ៊ុន ទាំងពីរនឹងក្លាយជាយន្តការមួយដ៏មាន ប្រសិទ្ធភាពក្នុងការជួយ លើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានផ្តល់នូវភាពងាយស្រួលកាន់តែច្រើនដល់ពួកគាត់ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ ទាំងនេះ។»

លោកបន្ដទៀតថាបន្ទាប់ពីដាក់ឲ្យដំណើរការនៅសេវាកម្មនេះ អតិថិជនរបស់ធនាគារស្ថាបនា នឹងមានភាពកាន់តែងាយស្រួលក្នុងការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង៤.៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូថ្មីបំផុតរវាងធនាគារ ស្ថាបនា និង លី ហួរ វេរលុយ គឺដើម្បីបានផ្តល់ជាជម្រើសក្នុងការធ្វើសេវាកម្មហិរញ្ញវត្ថុ ទាំងការផ្ទេរប្រាក់ និងទូទាត់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្មកាន់តែមានភាពងាយស្រួល និងលឿនរហ័សទាន់ចិត្ត។

ដើម្បីអបអរសាទរដល់កិច្ចសហការនេះ អតិថិជនអាចផ្ទេរប្រាក់ទៅមកបាន រវាង Sathapana Mobile និងLy Hour Veluy (LYFE Wallet) ដោយឥតគិតកម្រៃសេវារហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩៕